កាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ ទូរគមនាគមន៍កម្ពុជា (ទ.ក.) បានរៀបចំសិក្ខាសាលាស្តីពីភាពជាម្ចាស់ការក្នុងការគ្រប់គ្រង ដឹកនាំក្នុងគោលបំណងពង្រឹងសមត្ថភាពបុគ្គលិក និងបង្កើនប្រសិទ្ធភាពរបស់ស្ថាប័ន ទាំងក្នុងនាយកដ្ឋាន អង្គភាព និងសាខាទ.ក. ហើយទទួលបានការចូលរួមពីថ្នាក់ដឹកនាំ និងនិយោជិតសំខាន់ៗ ដើម្បីធ្វើការស្វែងយល់ស៊ីជម្រៅអំពីទំនួលខុសត្រូវភាពជាអ្នកដឹកនាំ សិទ្ធិអំណាចផ្ទាល់ខ្លួន និងការអភិវឌ្ឍស្ថាប័ន។
នៅក្នុងសិក្ខាសាលានេះ មានការធ្វើបទបង្ហាញសំខាន់ៗចំនួនពីរ ដោយលោក ចាន់ សេរី អតីតអនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ចធនាគារ អេស៊ីលីដា ភីអិលស៊ី។ បទបង្ហាញរបស់លោកផ្តោតសំខាន់លើ “ភាពម្ចាស់ការក្នុងការគ្រប់គ្រងដឹកនាំ” និង“វិធីកសាងអានុភាពខ្លួនឯង និងកសាងអានុភាពក្រុមហ៊ុន គ្រឹះស្ថាន ស្ថាប័ន”។
នៅក្នុងបទបង្ហាញនេះ មានការបញ្ចូលគ្នារវាងមេរៀនទ្រឹស្តី និងការអនុវត្តជាក់ស្តែង។ លោក ចាន់ សេរី បានលើកឡើងពីសារៈសំខាន់នៃគណនេយ្យភាព ភាពជាអ្នកដឹកនាំ ការគិតជាយុទ្ធសាស្ត្រ និងគ្រប់គ្រងប្រកបដោយក្រមសីលធម៌ក្នុងការកសាងស្ថាប័នរឹងមាំ និងមានភាពធន់។ លោកក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃការគិតវិជ្ជមានក្នុងជីវិតប្រចាំថ្ងៃ និងការគ្រប់គ្រងផងដែរ។
នៅវគ្គបន្ទាប់ លោក អ៊ឹម ផល អគ្គនាយកក្រុមហ៊ុនបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំក្នុងអាជីវកម្ម (Business Coaching) និងជានាយកប្រតិបត្តិនៃ BNI Cambodia ដែលជាក្រុមហ៊ុនតំណាងឱ្យ BNI នៅសហរដ្ឋអាមេរិក បានធ្វើបទបង្ហាញស្តីពី “ការពង្រឹងធុរកិច្ចកម្ពុជាសម្រាប់អនាគតនៃភាពបរិបូរណ៍”។ លោកបានចែករំលែកចំណេះដឹងជាក់ស្តែង អំពីការបត់បែននៃភាពជាអ្នកដឹកនាំ ភាពធន់នៃធុរកិច្ច និងតួនាទីនៃការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ក្នុងការនាំយកអង្គភាពឆ្ពោះទៅរកបរិបទសេដ្ឋកិច្ចដែលកំពុងវិវត្តទៅមុខ។
សិក្ខាសាលាបានបញ្ចប់ដោយសុន្ទរកថាបិទរបស់ឯកឧត្តមបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ អគ្គនាយកនៃទូរគមនាគមន៍កម្ពុជា ដែលឯកឧត្តមបានគូសបញ្ជាក់ពី ការប្តេជ្ញាចិត្តរបស់អង្គភាព ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការបន្តកំណែទម្រង់របស់ស្ថាប័ន។
ឯកឧត្តមបណ្ឌិត អគ្គនាយក បានកត់សម្គាល់ថា ភាពជាអ្នកដឹកនាំ និងសមត្ថភាពគ្រប់គ្រងរឹងមាំរបស់បុគ្គលិក គឺជាកត្តាចាំបាច់សម្រាប់ការកែលម្អដំណើរប្រតិបត្តិការ និងគាំទ្រដល់គោលដៅអភិវឌ្ឍឌីជីថល និងទូរគមនាគមន៍របស់ប្រទេសកម្ពុជា។
ឯកឧត្តមបណ្ឌិត អគ្គនាយកមានប្រសាសន៍ថា៖ “សិក្ខាសាលានេះជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លាក្នុងការវិនិយោគលើធនធានមនុស្ស លើកកម្ពស់ភាពជាម្ចាស់ការ ភាពជាអ្នកដឹកនាំ និងកសាងស្ថាប័នប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងភាពឆ្ពោះទៅមុខ។”
ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ ដែលធ្លាប់ជានាយកប្រតិបត្តិមានបទពិសោធន៍ប្រមាណ ២២ ឆ្នាំ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារ ទូរគមនាគមន៍កម្ពុជាបានជ្រើសរើសអ្នកជំនាញដែលមានបទពិសោធន៍មកពីវិស័យឯកជន ដើម្បីគាំទ្រដល់យុទ្ធសាស្ត្រអភិវឌ្ឍឌីជីថលរបស់ខ្លួន។ បច្ចុប្បន្ន ទ.ក. កំពុងផ្តោតលើការពង្រឹងទំនុកចិត្ត ក្រមសីលធម៌វិជ្ជាជីវៈ សុចរិតភាព និងចក្ខុវិស័យរយៈពេលវែង ដើម្បីបំពេញតម្រូវការអតិថិជនឱ្យបានកាន់តែប្រសើរ សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។
ឯកឧត្តមបណ្ឌិត អគ្គនាយក មានប្រសាសន៍បន្តថា “ទ.ក. នឹងបន្តវិនិយោគលើធនធានមនុស្ស ដែលលោកមើលឃើញថាជាស្នូលនៃអាជីវកម្ម។ អ្វីដែលយើងត្រូវការសម្រាប់ភាពជោគជ័យ គឺបុគ្គលិក ដែលមិនត្រឹមតែស្គាល់ការងារបច្ចេកទេសទេ ប៉ុន្តែក៏មានភាពម្ទាស់ការគ្រប់គ្រង និងជំនាញទន់ផ្សេងៗទៀត ដើម្បីសម្រេចគោលដៅរបស់យើងបាន។”










