Thursday 30th August 2018
នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ចូលរួមសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវប្រព័ន្ធអ៊ីនធើណិតសាធារណៈ (Public Wifi) ដែលអាចប្រើប្រាស់ដោយឥតគិតថ្លៃ នៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង។ អីុនធើណិត(Public Wi-Fi) ជាអីុនធើណិតល្បឿនលឿន និងបច្ចេកវិទ្យាទំនើប ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ(Korea Telecom) នៃសាធារណរដ្ឋកូរ៉េ និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីស្ថានទូតកូរ៉េ ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា និង និយោជិត អភិបាលខណ្ឌចំការមន-ខណ្ឌដូនពេញ និង ចៅសង្កាត់ទាំងអស់ សាស្រ្តចារ្យ និងនិស្សិតលោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។