Thursday 6th September 2018
នៅព្រឹកថ្ងៃសុក្រ ២រោច ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់វិទ្យាល័យហ៊ុនសែនទួលខ្ពស់ ស្ថិតនៅភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បានអញ្ជើញដាក់ឲ្យដំណើរការប្រព័ន្ធឌីជីថលផ្សារភ្ជាប់នឹងសាលារៀន (Digital Connectivity for School)។
Digital Connectivity for School ជាបច្ចេកវិទ្យាទំនើប ដែលអាចសិក្សាពីចម្ងាយ ក្រោមកិច្ចសហប្រតិបត្តិការជាមួយសាជីវកម្មទូរគមនាគមន៍កូរ៉េ(Korea Telecom) នៃសាធារណរដ្ឋកូរ៉េ និងក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សន វី ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ឯកឧត្តមគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំទូរគមនាគមន៍កម្ពុជា ប្រជាជនចំណុះឃុំទួលខ្ពស់ លោកអាចារ្យ យាយជី សាស្រ្តចារ្យ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករផងដែរ។