Tuesday 4th June 2019
នាវេលាព្រឹកថ្ងៃពុធ ៤រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅខេត្តតាកែវ បានប្រារព្ធព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលជាបុណ្យប្រពៃណីជាតិខ្មែរ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងក្នុងព្រះរាជពិធីទា្វទសមាស ច្រត់ព្រះនង្គ័ល នៅទីព្រះស្រែ ភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដោយមានការយាង និងអញ្ជើញចូលរួមដោយ ព្រះរាជវង្សានុវង្ស ឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បណ្តាអង្គទូតនានា ប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងភ្ញៀវជាតិ និងអន្តរជាតិជាច្រើនផងដែរ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ទូរគមនាគមន៍កម្ពុជា បានរៀបចំតាំងពិព័រណ៍មានដូចជា៖ សកម្មភាពនានារបស់ថ្នាក់ដឹកនាំ សេវា និងទីតាំងអាជីវកម្មទ.ក. ជាមួយបណ្តាស្ថាប័នានា។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យស្តេចយាងទត ព្រះរាជវង្សានុវង្សយាងទត និងឥស្សរជនជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ បានអញ្ជើញទស្សនាស្តង់ពិព័រណ៍របស់ទូរគមនាគមន៍កម្ពុជា ដែលបានដាក់តាំង ក្នុងព្រះរាជពិធីជាប្រវត្តិសាស្ត្រនេះដែរ។